សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រមសីលធម៌៖ តួនាទីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា»

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិត្តិយសសូមជម្រាបជូនអ្នកសារព័ត៌មាននិងសមាជិក សមាជិកា ក.អ.ក មេត្តាជ្រាបថា ដោយមានការគាំទ្រពីមូលនិធិ ខុនរ៉ាដអាឌិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា ក.អ.កនឹងរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រមសីលធម៌៖ តួនាទីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា» ។ កិច្ចពិភាក្សាតុមូលនេះមានគោលបំណងរម្លេចអំពីបញ្ហាប្រឈម និងដំណោះស្រាយផលប៉ះពាល់អវិជ្ជមានរបស់បណ្តាញសង្គមចំពោះសង្គម និងចំពោះសារព័ត៌មានអាជីព។ ដូចជាយើងបានដឹងស្រាប់ហើយថា ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ទំនាក់ទំនងកំពុងពេញនិយមកាន់តែខ្លាំងឡើងនៅកម្ពុជា។ ពិសេសបណ្តាញសង្គមពិសេសហ្វេសប៊ុកបានចូលរួមចំណែកជំរុញឲ្យការសំដែងមតិ និងការចែកចាយព័ត៌មានយ៉ាងផុលផុស។ ប៉ុន្តែបណ្តាញសង្គមក៏បាន និងកំពុងជះឥទ្ធិពលអវិជ្ជមានជាច្រើនទៅលើសង្គម និងទៅលើបណ្តាញផ្សាយព័ត៌មានអាជីពបែបប្រពៃណី។ ប្រឈមមុខចំពោះបញ្ហានេះ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) សង្ឃឹមថា ពិភាក្សាតុមូលនេះអាចផ្តល់ជាគន្លឹះសំខាន់ៗមួយចំនួនក្នុងការធ្វើឲ្យបណ្តាញសង្គមកាន់តែមានប្រយោជន៍សម្រាប់សង្គម
និងចូលរួមចំណែកជាមួយសារព័ត៌មានឲ្យបានល្អប្រសើរក្នុងការចែករម្លែកព័ត៌មាន។

កិច្ចពិភាក្សានេះ នឹងមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា វាគ្មិនកិត្តិយសល្បីៗ និងអ្នកសារព័ត៌មានប្រមាណជាង៥០នាក់ ដែលនឹងប្រព្រឹត្តទៅ នៅភោជនីយដ្ឋានទន្លេបាសាក់II រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨០០ ដល់ ម៉ោង១២ ថ្ងៃត្រង់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក.អ.ក រៀបចំកិច្ចពិភាក្សាតុមូលនេះ ក្នុងគោលបំណង សំដៅលើកកម្ពស់ និងជម្រុញការសម្តែងមតិ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយការទទួលខុសត្រូវ និងមានក្រមសីលធម៌ ដើម្បីរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចិរភាព ។ អាស្រ័យហេតុនេះ សូមអញ្ជើញ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានដោយក្តីរីកាយ។

សម្រាប់អ្នកសារព័ត៌មានត្រូវការព័ត៌មានបន្ថែម សូមទាកទងលោក ប៊ិន សុជាតិ នាយកប្រតិបត្តិ ក្លិបអ្នកកាសែតកម្ពុជា តាមលេខទូរស័ព្ទ +៨៨៥ ១២ ៩៩៥ ២២៦ ឬអ៊ីម៉ែល ccj@online.com.kh ។
ដើម្បីទទួលបានព័ត៌មានលំអិតសូមចូលទៅកាន់ កម្មវិធីកិច្ចពិភាក្សាតុមូល

 

press-release-on-rtd-in-kh_final_161120_page_1press-release-on-rtd-in-kh_final_161120_page_2